Tuesday, February 3, 2009

មិនយល់គឺគ្រោះថ្នាក់

អ្នកឯកទេសក្រុមហ៊ុនទឹកក្រូចមួយត្រូវបានបញ្ជូនមកប្រទេសចិន ដើម្បីឃោសនាឱ្យផលិតផលទឹក ក្រូចរបស់ក្រុមហ៊ុន ។ ប៉ុន្ដែដោយមិនចេះភាសាចិន អ្នកឯកទេសនោះ ប្រើរូបភាព៣ជំនួសឱ្យការ សរសេរជាអក្សរ។ រូបភាពទីមួយនៅខាងឆ្វេងដៃគូរពីបុរសម្នាក់ ដើរអូសជើងកណ្ដាលសមុទ្រខ្សាច់ ក្ដៅស្ទើរស្លាប់ មើលទៅលែងសល់កម្លាំងកំហែងក្នុងខ្លួននិងកំពុងស្រេកទឹកយ៉ាងខ្លាំង។ រូបភាពទីពីរ គូរបុរសនោះផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ ។ ចំណែករូបភាពទីបីនៅខាងស្ដាំបង្អស់គូររូបបុរស នោះសើចក្អាកក្អាយ សប្បាយចិត្ដ និងមានកម្លាំងកំហែងឡើងវិញ ។ ន័យរបស់រូបភាពទាំងបីចង់បង្ហាញថា ទោះកំពុងអស់កម្លាំងហេវហត់យ៉ាងណាក៏ដោយ ឱ្យតែបានផឹក ទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ មានកម្លាំងប្រឺសឡើងវិញភ្លាម ។
ទោះជាយ៉ាងណាមួយឆ្នាំក្រោយ មិនត្រឹមតែមិនអាចបង្កើនការលក់ផលិតផលទឹកក្រូចរបស់ក្រុមហ៊ុន ខាងលើប៉ុណ្ណោះទេ គឺលក់លែងដាច់សោះតែម្ដង រហូតដល់អ្នកឯកទេសរូបនោះ ត្រូវក្រុមហ៊ុនបណ្ដេញ ចេញពីការងារដោយសារតែធ្វើឱ្យក្រុមហ៊ុនខាតបង់ច្រើនពេក ។ មានមនុស្សមួយចំនួននឹកឆ្ងល់ ព្រោះ បើពិនិត្យរូបភាពឃោសនាសមតែទឹកក្រូចលក់ដាច់ណាស់ ចុះហេតុម៉េចក្ស័យធន ? ឮដូច្នេះអ្នកឯកទេសដែលត្រូវបណ្ដេញពីការងារនិយាយយ៉ាងស្រងូតស្រងាត់ ៖
-មកពីខ្ញុំមិនយល់អ្វីសោះ ។ ខ្ញុំមិនត្រឹមតែមិនចេះភាសាចិនប៉ុណ្ណោះទេ ថែមទាំងមិនបានដឹងថា អក្សរ ចិនអានពីស្ដាំទៅឆ្វេងទៀតផង ហេតុនេះរូបភាពឃោសនារបស់ខ្ញុំក៏គេមើលពីស្ដាំដេញទៅឆ្វេងដែរ គេមើលទៅអ្នកកំពុងសប្បាយមានកម្លាំងកំហែង ពេលផឹកទឹកក្រូចរបស់ក្រុមហ៊ុនខាងលើ នឹងក្លាយ ជាអ្នកបាក់កម្លាំងរហូតដល់ដើរអូសជើងព្រោះហេវហត់ពេកលើកជើងលែងរួច ។

ដកស្រង់ចេញពីអត្ថបទរឿងកំប្លែងខ្លីក្នុងកាសែត កោះសន្តិភាព

No comments:

Post a Comment